សុវត្ថិភាពចំណីអាហារ

អត្ថបទៈ លោកស្រីបណ្ឌិត ប៉េង​ចាន់ថុល

ថ្នាំអង់ទីប៊ីយ៉ូទិចត្រូវបានប្រើប្រាស់អស់ជាច្រើនទសវត្សរ៍មកហើយនៅក្នុងវិស័យផ្សេងៗជាច្រើនដូចជា នៅក្នុងវិស័យសុខាភិបាលដើម្បីព្យាបាលមនុស្ស សត្វ ពីការឆ្លងរាលដាលនៃបាក់តេរីផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយការប្រើថ្នាំអង់ទីប៊ីយូទិចច្រើនហួសប្រមាណ និង ប្រើមិនបានត្រឹមត្រូវតាមការណែនាំបានជំរុញអោយកើតមានភាពធន់នឹងថ្នាំអង់ទីប៊ីយូទិច (AMR) នៅក្នុងបាក់តេរីដែលនាំឱ្យការព្យាបាលគ្មានប្រសិទ្ធភាព។ ការលេចចេញនូវបាក់តេរីដែលធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិច (ARB) មិនត្រឹមតែជាកង្វល់របស់ក្រសួងសុខាភិបាលផ្នែកសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបំពុលបរិស្ថាន និង ធ្វើអោយមានឱនភាពសេដ្ឋកិច្ចទៀតផង ដោយសារវាបណ្តាលអោយរយៈពេលនៃការព្យាបាលយូរជាងមុន ហើយអត្រាមរណភាពខ្ពស់។

ដូច្នេះការយល់ដឹងពីបាក់តេរីដែលធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិច វាពិតជាមានសារៈសំខាន់ក្នុងការចាត់វិធានការរហ័ស ទៅលើការត្រួតពិនិត្យនិងកំណត់ការរីករាលដាលនៃ ARB ។

ទិន្នន័យស្តីពីការយល់ដឹងនៃ ARB ក្នុងវារីវប្បកម្មហាក់មានកំណត់នៅឡើយនៅក្នុងប្រទេសកម្ពុជា។ គម្រោង AquaCAM-FSPI គឺជាគម្រោងមួយដែលទទួលបានការឧបត្ថម្ភថវិកាពីស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា សម្រាប់អឺរ៉ុបនិងការិយាល័យការបរទេស ដើម្បីធ្វើការសិក្សាទៅលើបាក់តេរីដែលធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិចនៅក្នុងត្រីដែលមានឈ្មោះថា Aeromonas spp និង Escherichia coli (E. coli)។ ការសិក្សានេះផងដែរ ធ្វើឡើងចំពោះត្រីពីរប្រភេទគឺ ត្រីប្រា និងត្រីឆ្តោរ​ដែលជាពូជត្រីដែលសម្បូរជាងគេ នៅក្នុងប្រពន្ធ័វារីវប្បកម្មនៅកម្ពុជា។

ក្រុមស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារួមមាន លោកស្រីបណ្ឌិត ប៉េង​ចាន់ថុល (ប្រធានក្រុម) លោកស្រីថាញ់​ ច័ន្ទមុនី (អ្នកស្រាវជ្រាវ) រួមជាមួយនិស្សិតស្រាវជ្រាវចំនួនបីរូប លោកស្រី មុន្នីរតន៍ សុភាវត្តី លោក ជា សុភ័ត្រា​ និង លោក ឃី បញ្ញា បានចូលរួមនៅកិច្ចការស្រាវជ្រាវនេះ។ រហូតមកដល់ពេលនេះក្រុមការងារបានចុះទៅពិនិត្យ និង​ ចុះយកសំណាកពីប្រព័ន្ធវារីវប្បកម្មជាប្រភេទស្រះនៅខេត្តកំពង់ឆ្នាំង និង នៅខេត្តកណ្តាលបានចំនួនពីរដងរួចមកហើយ។ សំណាករួមមានទឹក ត្រី និង ដីល្បាប់ ដែលត្រូវបានប្រមូលនិងបញ្ជូនទៅកាន់មន្ទីរពិសោធន៍នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដើម្បីធ្វើការវិភាគរក AMR ។ ភាពស៊ាំនឹងថ្នាំអង់ទីប៊ីយោទិចត្រូវបានធ្វើ តេស្តជាមួយថ្នាំអង់ទីប៊ីយ៉ូទិចចំនួន ៩ ផ្សេងៗគ្នាដែលជាថ្នាំដែលគេនិយមប្រើប្រាស់ នៅក្នុងវិស័យវារីវប្បកម្ម និង ការព្យាបាលជំងឺផ្សេងៗ។

បច្ចុប្បន្នក្រុមការងារកំពុងបន្តស្រាវជ្រាវ និង ពង្រីកតំបន់សិក្សារបស់យើងទៅកាន់ប្រព័ន្ធវារីវប្បកម្មនៅក្នុងបែផងដែរ។ ក្រុមការងារនឹងផ្សព្វផ្សាយនូវទិន្នន័យដែលបានរកឃើញកន្លងមកនេះដល់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានៃការកើនឡើងនៃAMR និងដើម្បីស្នើររកដំណោះស្រាយផ្សេងៗដែលអាចធ្វើទៅបានចំពោះបញ្ហានេះ។ លើសពីនេះទៅទៀត យើងជឿជាក់ថាលទ្ធផលទាំងអស់នេះ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការបំពេញនូវទិន្នន័យដែលខ្វះខាតស្តីអំពីAMR ក្នុងវិស័យវារីវប្បកម្មនៅកម្ពុជា ក៏ដូចជាជួយដល់ការបង្កើតគោលនយោបាយដោះស្រាយជាមួយនឹងបញ្ហាទាំងអស់នេះ និង ដើម្បីជួយលើកកម្ពស់និរន្តរភាពនៃប្រព័ន្ធវារីវប្បកម្មកម្ពុជាផងដែរ។